Skip to main content

តំបន់ទេសចរណ៍ខេត្តព្រះសីហនុ


ទេសចរណ៍ខេត្តព្រះសីហនុខេត្តព្រះសីហនុ រឺ កំពង់សោម គឺជាខេត្ត​តូច​មួយ ដែលស្ថិតនៅភាគខាងត្បូង នៃ​​​​ប្រទេស​​ម្ពុជា ដែល​មាន​ផ្ទៃដី ៨៦៨ គីឡូម៉ែត និងមាន ខ័ណ្ឌចំនួន ៣​ ហើយជាខេត្តមួយ​ដែល​ហ៊ុម​ព័ទ្ធ​​ទៅ​ដោយ​ដី​កោះ ហើយ​​​ជាប់និងឈូងសមុទ្រថៃ ។ ខេត្តនេះ​ត្រូវ​បាន​​ស្ថាបនាឡើង​ក្នុង​អំឡុងឆ្នាំ ១៩៦៤ ដោយស្នារ​ ព្រះ​បាទ​សម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ។ បច្ចុប្បន្ន បន្ទាប់ពីមាន​ការ​ស្ថា​បនាលំអរ បានធ្វើអោយវិស័យ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ មានភាពរីកចំរើន​យ៉ាង​ខ្លាំង ព្រោះនៅ​ខេត្ត​នេះ​​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ ស្រស់​ស្អាតជាច្រើន ​សំរាប់អោយភ្ញៀវ​ទេស​ចរណ៍​​ជាតិ និង​អន្តរជាតិបានមកលំហែកាយ ក៏ដូច​ជា​មកទស្សនា​កំសាន្ត ។ ពីមួយថ្ងៃទៅមួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​​រាប់ពាន់នាក់ បានមកលេងកំសាន្តនៅក្នុងខេត្ត​នេះ ។ ដោយធ្វើដំនើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ ៤ ពីរាជធានីភ្នំពេញ និង ផ្លូវជាតិលេខ ៣ ពីខេត្តកំពត ។ ខេត្តព្រះសីហនុ​ក៏មាន​ព្រលាន​យន្ត​ហោះមួយ​ដែល​មានឈ្មោះថា​ព្រលានយន្តហោះ​អន្តរជាតិក្រុង​ព្រះ​សីហនុ ដែលព្រលានយន្ត​ហោះនេះអាចធ្វើការហោះហើរបានពី​ខេត្តសៀមរាប និង ភ្នំពេញ ហើយរាជ​រដ្ឋា​ភិបាលកំពុងតែរៀបចំ អោយមានការហោះហើរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខនេះ ។ គេចែកតំបន់​ទេស​ចរណ៍​ខេត្តព្រះសីហនុនេះ​ជាបី​ផ្នែក​ធំៗគឺ តំបន់កំសាន្ត​ដីកោះ តំបន់​កំសាន្ត​មាត់​សមុទ្រ​ និង​តំបន់កំសាន្ត​ទឹកសាប ដែលតំបន់នីមួយៗមានភាពស្រស់ស្អាតពីធម្មជាតិ ។​ តំបន់ឆ្នេរ​ដែល​​មាន​​ខ្សាច់សរក្បុស ដូចជា​ ឆ្នេរសុខា ឆ្នេរអូរឈើទាល​​ ឆ្នេរម្លប់ជ្រៃ ឆ្នេរ​ឯករាជ្យ និងឆ្នេរ​​សមុទ្ររាម​​ ដែលមានភ្ញៀវជាតិ នឹង អន្តរជាតិជាច្រើនបានទៅលំហែកាយ​និង​ហែលទឹក​លេង រីឯតំបន់រមនីយ​ដ្ឋាន​ទឹកធ្លាក់ ក្បាលឆាយ​ដែល​ជា​តំបន់ដីភ្នំ គឺមានទឹកធ្លាក់ពី​លើ​ថ្ម​បាន​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​​ជា​ច្រើន​​​​ទៅ​លេងទស្សនាកំសាន្ត ជា​ពិ​​សេស​នៅរដូវវស្សា ។ ក្រៅពីនោះ ​​ក៏មាន​តំបន់ទេសចរណ៍ ដី​កោះជា​ច្រើន​​ដូចជា កោះឬស្សី កោះដែក​គោល កោះថ្មី កោះទន្សាយ និង កោះ​តា​កៀវ ជាដើម ដែល​ភ្ញៀវ​​ទេសចរណ៍អាចធ្វើដំនើរ​តាមទូក រឺ កាណូត ដើម្បី​ទស្សនា​ទិដ្ឋភាពព្រៃភ្នំ ហែលទឹក ស្ទូចត្រី និង​លំ​ហែ​កាយ ។ ដោយសារតែ​មានភាពរីក​ចំរើន​ខាង​វិស័យទេសចរណ៍យ៉ាង​ខ្លាំង​បែបនេះ ក្រសួងទេសចរណ៍ បាន​ចាត់វិធាន​ការ សំរាប់ពង្រឹង​ខាងវិស័យទេសចរណ៍ អោយមាន​ភាព​រឹង​មាំ ផ្តល់នូវសន្តិសុខ​សណ្តាប់​ធ្នាប់​ ការសំអាត និង រៀបចំ​​តំបន់​ទេសចរណ៍​ផ្សេងៗ​ដែល​មាន​នៅ​​ខេត្ត​ព្រះសី​ហ​នុ ដើម្បីអោយមាន​ភាព​ទាក់ទាញ ។ ​ក្រសួង​បាន​ស្នើរទៅ​ដល់​អាជីវករ​​ដែល​លក់​ដូរ​តាម​មាត់​សមុទ្រ និង នៅតាមទីផ្សារ​ផ្សេងៗ អោយជួយសំអាត ថែ​រក្សាបរិស្ថាន និង សុំប្រជាជន កុំ​អោយ​មានការ​លក់​​ដូរកេង​ចំណេញ​ដល់​ភ្ញៀវទេសចរណ៍​បរទេសពេក ព្រោះ​វា​ជា​បញ្ហា​មួយ​ដែលធ្វើ​អោយ​ពួក​គេ​គិតថា របស់របរនៅ​ប្រទេស​យើង​ថ្លៃ ហើយ​ពួក​គេ​​មិន​​ចង់​មក​ ប្រទេស​​​យើង​ម្តងទៀត នេះ​គឺ​​​ជាបញ្ហាចំបងមួយដែល​រាជ​រដ្ឋាភិបាល​កំពុង​ព្រួយបារម្ភ ។ មានជនជាតិបរទេសជាច្រើន បាន​​ចូល​​​​​សញ្ជាតិជាខ្មែរ ហើយគេ​​​បានទិញផ្ទះរស់​នៅ​ក្នុង​ប្រ​ទេស​​ខ្មែរ​​ជាពិសេសគឺនៅខេត្ត​ព្រះសីហនុ​តែ​ម្តង​ គេបាន​បើក រមនីយដ្ឋាន សណ្ឋាគា ក្លឹបកំសាន្ត និង ភោជនីយដ្ឋានផ្សេងៗ ​​។ នៅតាម​​​​​​បណ្តោយ​ផ្លូវ​​ពី​រង្វង់​មូល តោពីរ ទៅឆ្នេរអូរឈើទាល គឺ​មាន​ភ្ញៀវ​ជន​ជាតិ​​បរ​ទេស​យ៉ាង​ច្រើន​កុះករ បានមកលេង​កំសាន្ត និង​ស្នាក់​នៅទីនោះ ។ ខេត្តព្រះសីហនុក៏មាន ឧទ្យានជាតិរាម ដែល​ជា​កន្លែងការពារព្រៃឈើ និង អភិរក្សសត្វព្រៃ ដែលមានទីតាំងនៅ សង្កាត់រាម ខ័ណ្ឌព្រៃនប់ ។ ជាមួយ​គ្នានេះដែរខេត្តព្រះសីហនុ​គឺជាបេះដូង​របស់​ប្រទេស​កម្ពុជា ព្រោះមាន កំពង់ផែអន្តរជាតិ ដែល​ជា សសៃ​​ឈាមមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែល​​វាច្រកសេដ្ឋកិច្ច​ក្នុងការនាំចេញ និង​នាំ​ចូល ផលិត​ផលផ្សេងៗ ហើយកំពង់ផែអន្តរជាតិនេះ​ក៏ជា​ផ្នែក​​​សំរាប់វិស័យ​ទេស​ចរ​ណ៍ដែរ ព្រោះតំបន់​នេះ​អាច​ទាក់​​ទាញ ភ្ញៀវមកទស្សនា កប៉ាល់ និង សំរាប់​អោយ​​ជនជាតិ​បរទេស​ដែលចូល​ចត​កប៉ាល់​នៅទីនោះ​បាន​សំរាក និង ទស្សនាទិដ្ឋភាពក្រុងព្រះសីហនុ ។ សព្វថ្ងៃនេះ​មានប្រជាជនជា​ច្រើនដែលរស់​នៅខេត្ត​ព្រះ​សី​ហ​នុ​ កំពុងធ្វើការយ៉ាងមមាញឹក​ជា​មួយ និងវិស័យទេស​ចរណ៍ ពួក​គេធ្វើការជាអ្នកបកប្រែ អ្នកនាំផ្លូវ អ្នក​ទំ​នាក់​ទំនង​ផ្សេងៗ​ដែល​ពួក​គេ​បាន​ផ្តល់​ភាពងាយស្រួលដល់ ភ្ញៀវបរទេសក្នុងការស្នាក់នៅ និង ទៅដើរ​លេង​តំបន់​ផ្សេងៗ ។ នេះគឺជាចំនុចមួយដ៏ល្អក្នុងការចូល​រួម​របស់​ប្រជាជន​ ក្នុង​ការ​​ផ្តល់ភាពកក់​ក្តៅ​ដល់​ភ្ញៀវដែលបាន​មក​លេង ។ ខេត្តព្រះសីហនុ មានសណ្ឋាគា​ជាច្រើន​សំរាប់ភ្ញៀវទេសចរណ៍ស្នាក់​នៅ ដូចជា សណ្ឋាគា​ខ្សាច់​មាស សណ្ឋាគា​ឯករាជ្យ សណ្ឋាគាមាត់សមុទ្រ និង ម៉ូតែលសុខាជាដើម ។

Comments