Skip to main content

ច្បាប់ល្បើកកូនចៅ

( បទព្រហ្មគិតិ​​ )
  • ឪកូនស្ងួនតែមួយ ទុកជាត្រួយត្រួលគំនិត កូនអើយមាសតាំងចិត តាំងចរិតគិតឨយឆ្ងល់។
  • ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់​​​​ ទោសគេតូចសោតសល់​ រមិលយល់ប៉ុនទាំងភ្នំ។
  • ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង។
  • បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង មើយយល់តែម្នាក់ឯង មិនយល់គេឯងទៀតផង។
  • នឹងស៊ីចង់ពិសា ខ្ជិលទំពារឪយម៉ត់ហ្មង យល់នាមថាជាបង យល់ឯងផងថាជាក្មួយ។
  • យល់តាថាជាដូន យល់ឯកូនថាជាក្មូយ យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
  • យល់ទោសថាជាគុណ យល់ឯបុណ្យថាជានរក យល់ល្អថាជាអាក្រក់ យល់លាមកថាជាផ្កា។
  • ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គោថាជាកណ្តុរ។
  • នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់ ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហលកំហុសមាន។
  • អ្នកប្រាជ្ញាកាន់ពាក្យទៀង កុំឪយល្អៀងពាក្យបុរាណ កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
  • ពាក្យនេះពីព្រេងព្រឹទ្ធ គួរឨយគិតពិចារណា កុំអួតអាងអាត្មា ថាចំណេះចំណាំមាន ។
  • ដេកយប់កុំដេកថ្ងូ ខ្លាចក្តីទូជ៌នដល់ប្រាណ បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា ។
  • លើកដាក់តាមកំលាំង កុំភើចខ្លាំងឈឺដល់ស្មា ប្រើគេប្រើឪយជា កុំសសន់រាន់សៅដៅ ។
  • ទោះដើរកុំរួសរាន់ គិតឪយគ្រាន់សឹមដើរទៅ កុំឪយអាប់អាស្រូវ កើតដំនៀលដល់អាត្មា។
  • កុំយល់ឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា កុំអាងតែប្រាជ្ញា ចោលក្បូនច្បាប់លោកព្រេងនាយ។
  • ស្រដីឪយស្រួចស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងឪយវែងឆ្ងាយ យល់លង្វែកសព្វនានា ។
  • ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា ពាក្យព្រេងលោកឧប្បមា គិតត្រង់ណាធ្វើឪយបាន ។
  • កាន់កពស់ឪយខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ អូសទូកកុំឪយល្អាន ទឹកថ្លាលោតកុំឪយល្អក់ ។
  • ស្លឹកឈើឥតកំរើក បើកក្រើកត្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា ។
  • យល់តូចកុំអាលខំ គួរសន្សំយកជាគ្នា បានច្រើនកុំអាលពារ សន្សឹមតិចៗរៀងទៅ ។
  • អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅនូវសំប៉ាន ។
  • អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ ។
  • រក្សាទៅមុខវឹង ឥតកំដឹងអស់អម្បាល ចំណេរចេរកាន់កាល ដូចរបងស្រាស់បន្លា ។
  • កុំឆីឆ្អែតតែឯង មិនគិតក្រែងអស់គ្នីគ្នា គេឃ្លានក្នុងផ្ទៃផ្សា ឪយឆីរ៉ាបានឆ្អែតផង ។
  • កុំមានចិត្តលលើ ពឹងក្រពើឪយចំលង កុំកាច់អុសរបង វាំងចំណារឯអាត្មា ។
  • មានទូកឪយមានថ្នោល មានបង្គោលមានយុថ្កា ទាំងពួងទាំងច្រវា ជើងចែវណាឪយសព្វគ្រប់ ។
  • ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់ ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត
  • ពាក្យព្រេងគិតគួរចាំ ជាបណ្តាំបណ្តៅចិត្ត ពាក្យព្រេងគួរឨយគិត គិតរំពឹងឪយគ្រប់គ្រាន់ ។
  • ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់ ពាក្យនេះជាកំណាន់ កំនត់នៅឥតឃ្លាតឃ្លា
  • តែងតពាក្យទៅទៀង កុំបៀនបៀតអ្នកព្រឹទ្ធា កុំសង់ផ្ទះបៀតធ្លា ស្រីសាធារណ៍ពុំគង់ទ្រព្យ ។
  • ស្រីស្រាលខ្លៅប្រច័ណ្ឌ ស្តីជញ្ជាន់ថាពុំគាប់ ពាក្យនេះឥតគេរាប់ ពាលរែងស្អប់ពាក្យមេបា ។
  • ប្រឡែងរែងច្រើនឈ្លោះ ពាក្យទ្រគោះច្រើនគេថា កំណាញ់កើតនិន្ទា នឹងសាធារណ៍ពុំគង់ទ្រព្យ
  • កូនកាចរែងចាញ់ម្តាយ ពាក្យពាយងាយគេរែងស្អប់ ខ្ចីទ្រព្យគេកញ្ចប់ ​ រកគេទៀតគេថាគ្មាន ។
  • អ្នកទាបរែងស្អប់ខ្ពស់ ត្បិតពឹងយសគេពុំបាន អ្នកខ្សត់ស្អប់អ្នកមាន ត្បិតពុំបានឪយពឹងទ្រព្យ ។
  • អ្នកខ្លៅរែងស្អប់ចេះ ត្បិតតំរេះគិតគំនាប់ អ្នកខុសរែងស្អប់គាប់ ត្បិតគេរាប់តែអ្នកត្រូវ ។
  • ពាក្យនេះអស់ម្ល៉េះហើយ កូនចៅអើយយកទុកទៅ គ្រាន់បានប្រៀនប្រដៅ តកូនចៅផៅសន្តាន។
  • ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថ៌ឪវាទទាន ជាសូររេចម្ល៉េះឯងហោង៕ បន្ទាប់

Comments